(៨៥៥)០១៥-៥១៥៥៥០
(៨៥៥)០៩២-៣៨៨៨៨៤
(៨៥៥)០៧០-៣០០០០៧
(៨៥៥)០២៣-៥៣០៩៧៧៧
phluo02100102@whp-realty.com
 
WHP REALTY :: Fast & Efficient Service
ជ្រើសរើស ភាសា
English (UK)Khmer (KH)Chinese (CN)

ព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេស

លេខសម្គាល់ សេចក្តីយោង

ប្រភេទ ទ្រព្យសម្បត្តិ

ប្រភេទ សេវាកម្ម

ក្រុង រឺខេត្ត

ខណ្ឌ រឺស្រុក

សង្កាត់ រឺឃុំ

លំដាប់នៃតំលៃ

លំដាប់នៃទំហំ

ទិស

តម្រូវការ​ដី​កសិកម្ម​ស្ងប់ស្ងាត់​បន្ទាប់ពី​តម្លៃ​កៅស៊ូ​ និង​កសិផល​ផ្សេងៗ​គ្មាន​ស្ថិរភាព

ចំការកៅស៊ូមួយកន្លែងនៅក្នុងខេត្តរតនគិរី: ចាប់តាំងពីតម្លៃទីផ្សារសម្រាប់កៅស៊ូធ្លាក់ចុះតម្លៃរបស់វាបានធ្លាក់ចុះផងដែរ។

ការ​ធ្លាក់ចុះ​នូវ​តម្លៃ​ជ័រកៅស៊ូ និង​តម្លៃ​កសិផល​គ្មាន​ស្ថិរភាព​បាន​ធ្វើឲ្យ​តម្លៃ​ដី និង​តម្រូវការ​ដី​កសិកម្ម និង​កសិឧស្សាហកម្ម​នៅ​កម្ពុជា​មាន​សភាព​ទ្រឹង​នៅ​តាម​តំបន់​មួយ​ចំនួន និង​តំបន់​មួយ​ចំនួន​ទៀត​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​។

លោក ស្រ៊ីន ផលិត ដែល​បាន​និង​កំពុង​មើល​ការ​ខុស​ត្រូវ​លើ​ចម្ការ​កៅស៊ូ​ចន្លោះ​ពី​ ៥០០ ​ទៅ​ ៦០០ ​ហិកតា​នៅ​ស្រុក​បកែវ​ខេត្ត​រតនគិរី បាន​ប្រាប់​ប៉ុស្តិ៍​អចលនទ្រព្យ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​កន្លងមក​ថា តម្រូវការ​ដី​កសិកម្ម​មាន​ភាព​ស្ងប់ស្ងាត់​ដោយសារ​តម្លៃ​ជ័រកៅស៊ូ និង​កសិផល​របស់​កសិករ​ដទៃ​ទៀត​គ្មាន​ស្ថិរភាព​ខាង​តម្លៃ​។

ចំការកៅស៊ូមួយកន្លែងនៅក្នុងខេត្តរតនគិរី: ចាប់តាំងពីតម្លៃទីផ្សារសម្រាប់កៅស៊ូធ្លាក់ចុះតម្លៃរបស់វាបានធ្លាក់ចុះផងដែរ។

 

បច្ចុប្បន្ន​ដី​ដាំ​កៅស៊ូ​មាន​តម្លៃ​ចន្លោះ​ពី​ ៤០០០ ​ទៅ​ ៦០០០ ​ដុល្លារ​ក្នុង​មួយ​ហិកតា​អាស្រ័យ​​​តាម​តំបន់​នីមួយៗ​។ ខុស​ពី​ ៣ ​ឆ្នាំ​មុន​ពេល​ដែល​តម្លៃ​ជ័រ​កៅស៊ូ​មាន​តម្លៃ​ល្អ តម្លៃ​ដី​ដាំ​កៅស៊ូ​មាន​ចន្លោះ​ពី​ ៥០០០ ​ទៅ​ ៨០០០ ​ដុល្លារ ហើយ​ប្រភេទ​ដី​ក្រហម​នៅ​តំបន់​ល្អៗ​អាច​មាន​តម្លៃ​រហូត​ដល់​ ១០០០០ ​​ដុល្លារ​ក្នុង​មួយ​ហិកតា​។

លោក​បាន​ឲ្យ​ដឹង​ថា ៖«​ដោយសារ​ជ័រ​កៅស៊ូ​ធ្លាក់​ថ្លៃ​គ្មាន​អ្នក​ណា​ចង់​ធ្វើ​អី​នោះ​ទេ សូម្បី​តែ​អ្នក​មាន​កៅស៊ូ​គ្រប់​អាយុ​ត្រូវ​ចៀរ​យក​ជ័រ ក៏​ពួកគេ​បាន​ផ្អាក​ផង​ដែរ ដោយសារ​យក​តម្លៃ​ជ័រ​មក​ទូទាត់​ជាមួយ​កម្មករ​ស្ទើរ​មិន​គ្រប់​ផង​»​។

លោក​បាន​បន្ត​ថា​៖ «​បច្ចុប្បន្ន​តម្លៃ​ជ័រ​កៅស៊ូ​ដែល​គេ​បង្កក​រួច​មាន​តម្លៃ​ ២០០០ ​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីទ្បូក្រាម ខុស​ពី​ ៣ ​ឆ្នាំ​មុន​ដែល​ជ័រកៅស៊ូ​មាន​តម្លៃ​ចន្លោះ​ពី​ ៧០០០ ​ទៅ​ ៨០០០ ​រៀល​ក្នុង​មួយ​គីទ្បូក្រាម​»​។

លោក ផលិត បាន​បន្ត​ថា បច្ចុប្បន្ន​កសិករ​ខ្លះ​ពួកគេ​នាំ​គ្នា​ដាំ​ដំទ្បូងមី​ទាំង​ប្រថុយប្រថាន ព្រោះ​ផលិតផល​ទាំងនោះ​គ្មាន​តម្លៃ​ពិតប្រាកដ​នៅលើ​ទីផ្សារ​។

លោក គីម លាង ដែល​បាន​ធ្វើ​ដីសម្បាទាន​សង្គមកិច្ច​ជាមួយ​មិត្តភកិ្ត​មួយ​ចំនួន​ទៀត​នៅក្នុង​ស្រុក​សណ្តាន់​ ខេត្ត​កំពង់ធំ​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ដី​សម្បទាន​សេដ្ឋកិច្ច​ ឬ​សង្គមកិច្ច​​ដែល​បាន​ដាក់​លក់​នៅលើ​ទីផ្សារ​បច្ចុប្បន្ន​នេះ​មាន​តម្លៃ​ចន្លោះ​ ៥០០ ​ទៅ​ ១០០០ ​ដុល្លារ​អាស្រ័យ​លើ​ម្ចាស់​ដី​នីមួយៗ​ចង់​លក់​ ឬ​មិន​សូវ​ចង់​លក់ និង​ដីព្រៃ​មាន​ប្លង់រឹង​ដែល​បាន​វាស់​ដោយ​ក្រុម​យុវជន​សម្តេច​តេជោ​កាលពី​ពេល​កន្លង​មក​មាន​តម្លៃ​ ១៥០០ ​ដុល្លារ​ក្នុង​មួយ​ហិកតា​។ ចំណែក​ដី​សម្រាប់​ដាំ​កៅស៊ូ​ដែល​សម្អាត​រួច​មាន​តម្លៃ​ចន្លោះ​ពី​ ៤០០០ ​ទៅ​ ៥០០០ ​ដុល្លារ​ក្នុង​មួយ​ហិកតា និង​ដី​ដែល​មាន​ដាំ​កៅស៊ូ​រួច​ដែល​អាច​ចៀរ​យក​ជ័រ​បាន​មាន​តម្លៃ​ចន្លោះ​ពី​ ១៤០០០ ​ដុល្លារ​ទៅ​ ១៥០០០ ​ដុល្លារ​ក្នុង​មួយ​ហិកតា​។

លោក​បាន​ប្រាប់​ថា៖ ​«​បច្ចុប្បន្ន​ចរន្ត​ទិញ​ដូរ​ដី​កសិកម្ម​គឺ​ស្ងប់ស្ងាត់​ណាស់​មិន​មាន​អ្នក​ទិញ​នោះ​ទេ ដោយសារ​តម្លៃ​ជ័រ​កៅស៊ូ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​​គឺ​ពេល​នេះ​វា​ងាប់​តម្លៃ​តែ​ម្តង​»​។

លោក​បន្ត​ថា​៖ «​បច្ចុប្បន្ន​កៅស៊ូ​ក្រែប​ក្នុង​ខេត្ត​កំពង់ធំ​មាន​តម្លៃ​ចន្លោះ​ពី​ ៣៨០០ ​ទៅ​ ៤០០០ ​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីទ្បូក្រាម​»​។

លោក គីម លាង បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​មាន​ម្ចាស់​ចម្ការ​កៅស៊ូ​មួយ​ចំនួន​បាន​កាប់​ដើម​កៅស៊ូ​ពួកគេ​ចោល​ដើម្បី​ដាំ​ម្រេច​ដោយសារ​តម្លៃ​ម្រេច​មាន​ការកើនទ្បើង​យ៉ាង​ខ្លាំង​នៅលើ​ទីផ្សារ​។

ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អេស៊ារៀល​អេស្ទេត លោក ប៉ូ អ៊ាវគង់ ដែល​បាន​ធ្វើ​ការងារ យ៉ាង​ជិតស្និទ្ឋ​ជាមួយ​វិស័យ​នេះ​បាន​ទទួល​ស្គាល់​ថា តម្រូវការ​ដី​កសិកម្ម​ក្នុង​ឆ្នាំ​នេះ​មិន​មាន​ជា​ដុំ​កំភួន​នោះ​ទេ ដោយសារ​មិន​មាន​អ្នកវិនិយោគ​ធំៗ​ចូល​មក​វិនិយោគ​ក្នុង​វិស័យ​នេះ​ដែល​​ធ្វើឲ្យ​ការពង្រីក​ដី​កសិកម្ម​ថ្មីៗ​ក៏​មិន​មាន​ច្រើន​ដែរ ខណៈ​បរិបទ​ទីផ្សារ​ផលិតផល​កសិកម្ម​ដែល​កសិករ​ផលិត​បាន​មិន​មាន​ភាព​នឹងនរ​នោះ​ទ្បើយ​។ លោក​បាន​បន្ត​ថា បើ​គិត​ជាទូទៅ​ដីស្រែ​មាន​តម្លៃ​ចន្លោះ​ពី​ ៣០០០ ​ទៅ​ ៥០០០ ​ដុល្លារ​ក្នុង​មួយ​ហិកតា​។

ដោយទ្បែក​ខេត្តបាត់ដំបង​ដីស្រែ​អាច​មាន​តម្លៃ​រហូត​ដល់​ ១០០០០ ​ដុល្លារ​ក្នុង​មួយ​ហិកតា​។ ចំណែក​ដីស្រែ​នៅ​ជាប់​ផ្លូវជាតិ​ផ្សេងៗ​ដែល​បាន​ប្រែក្លាយ​មក​ជា​រោងចក្រ ឬ​ធ្វើ​រោង​ម៉ាស៊ីន​កិនស្រូវ​មាន​តម្លៃ​ចន្លោះ​ពី​ ៥ ​ទៅ​ ១០ ​ដុល្លារ និង​ដី​គម្លាត​ពី​ផ្លូវជាតិ​ ១០០ ​ម៉ែត្រ​អាច​មាន​តម្លៃ​ចន្លោះ​ពី​ ១ ​ទៅ​ ២ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

លោក​បាន​ថ្លែង​ថា ៖ «​ទោះ​ជា​យ៉ាងណា​តម្លៃ​ដី​កសិកម្ម និង​​កសិឧស្សាហកម្ម​មិន​ធ្លាក់​ចុះ​នោះ​ទេ វា​នៅ​មាន​សភាព​ទ្រឹង​តែ​តម្លៃ​កសិផល​ពិតជា​បាន​ធ្លាក់​ចុះ​»​។

យោងតាម​លទ្ធផល​ជំរឿន​ផ្នែក​កសិកម្ម​ដែល​បាន​ធ្វើ​ដោយ​ក្រសួង​ផែនការ និង​ក្រសួង​កសិកម្ម​ដែល​បាន​ចេញ​លទ្ធផល​កាលពី​ឆ្នាំ​មុន​បាន​បង្ហាញ​ថា នៅ​កម្ពុជា​មាន​ប្រជាជន​​ ២.២ ​លាន​គ្រួសារ​បាន​ប្រកបរបរ​កសិកម្ម​។

លោក​បណ្ឌិត យ៉ង សាំងកុមារ ប្រធាន​អង្គការ​សេដាក បាន​ថ្លែង​ស្រដៀង​គ្នា​ថា តម្រូវការ​ដី​កសិកម្ម​មិនមាន​ការ​កើនទ្បើង​នោះ​ទេ ព្រោះ​មាន​ហេតុផល​មួយ​ចំនួន​ដូចជា​ទី​​ ១ ​ប្រជាកសិករ​មួយ​ចំនួន​បាន​បោះបង់​ចោល​ដី​កសិកម្ម​របស់​ពួកគេ ដោយសារ​តម្លៃ​ស្រូវ​គ្មាន​ស្ថិរភាព ទី​ ២ ​កម្លាំង ការងារ​ក្នុង​វិស័យ​កសិកម្ម​ធ្លាក់​ចុះ ព្រោះ​ពួកគេ​បាន​ចូល​មក​ទីក្រុង​ធ្វើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ និង​ការ​ធ្វើ​ចំណាកស្រុក​។

លោក​បន្ត​ថា នៅ​កម្ពុជា​មាន​ផ្ទៃដី​កសិកម្ម​ជាង​ ៦ ​លាន​ហិកតា ប៉ុន្តែ​ផ្ទៃដី​ដែល​បាន​បង្ក​បង្កើន​ផល​ជាក់ស្តែង​មាន​ជិត​ ៤ ​លាន​ហិកតា​ប៉ុណ្ណោះ​។ តួលេខ​នេះ​បើ​ធៀប​នឹង​ដង់ស៊ីតេ​ប្រជាជន​កម្ពុជា​គឺ​មាន​ទំហំ​សមស្រប​គ្នា មាន​ន័យ​ថា ដី​មិន​ទាន់​ចង្អៀត​នៅ​ទ្បើយ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​គឺ​ការ​ទាញ​ផល​បាន​តិច​ពី​ដី​កសិកម្ម​ទាំង​នោះ​។

លោក​មាន​ប្រសាសន៍​ថា ៖ «​បញ្ហា​ប្រឈម​របស់​យើង​គឺ​កសិករ​ធ្វើ​ស្រែ​បាន​តែ​ ១ ​ដង​ក្នុង​មួយ​ឆ្នាំ តែ​ដី​របស់​យើង​អាច​ពង្រីក​ការដាំដុះ​ឲ្យ​បាន​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ឆ្នាំ តែ​យើង​ខ្វះ​ប្រព័ន្ធ​ធារាសាស្ត្រ​”​។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​កាលពី​សប្តាហ៍​មុន​បាន​ព្រមាន​ក្រុម​មន្ត្រី និង​ពាណិជ្ជករ​ឧកញ៉ា​ធំៗ​នៅ​តាម​បណ្តា​ខេត្ត​ដែល​បាន​និង​កំពុង​ធ្វើ​ព្យុះ​ភ្លៀង​លើ​ការកំណត់​តម្លៃ​ដំណាំ​កសិកម្ម​របស់​កសិករ​ផ្តាច់​មុខ និង​ដាក់​តម្លៃ​លើ​កសិផល​ទាំង​នោះ​តាម​អំពើ​ចិត្ត​ឲ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ដើម្បី​លើក​ស្ទួយ​តម្លៃ​កសិផល និង​ដំណាំ​កសិឧស្សាហកម្ម​តាមរយៈ​ការ​ប្រកួតប្រជែង​តម្លៃ​ទីផ្សារ​សេរី​៕

ប្រភពមកពី: ភ្នំពេញប៉ុស្តិ៍